(ភ្នំពេញ)៖ យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការងារគ្រប់គ្រងសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ក្រុមទី៣ សូមសម្តែងនូវក្តីសោមនស្ស រីករាយឥតឧបមា និងសូមគោរពជូននូវសារអបអរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំកិច្ចចរចាប្រកបដោយភាពស្វាហាប់ ឈ្លាសវៃ ហ្មត់ចត់ ប៉ិនប្រសប់ និងជោគជ័យដ៏ត្រចះត្រចង់រហូតសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ជាប្រវត្តិសាស្ត្រ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ។

កិច្ចព្រមព្រៀងនេះ មិនត្រឹមតែបានលុបបំបាត់រាល់ភាពតានតឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្វែរតំបន់ព្រំដែនជម្លោះ ទៅជាតំបន់កិច្ចសហប្រតិបត្តិការសន្តិសុខ និងសេដ្ឋកិច្ចសម្រាប់ប្រជាពលរដ្ឋ ប្រទេសទាំងពីរ ជាពិសេស គឺប្រជាពលរដ្ឋ ដែលរស់នៅជាប់នឹងតំបន់ព្រំដែន។ ស្នាដៃដ៏ឧត្តុង្គឧត្តមនេះ គឺជាសក្ខីភាពបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់អំពីភាពជាអ្នកដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ក្នុងការធានាអធិបតេយ្យ ផលប្រយោជន៍ជាតិ និងប្រជាជនតាមរយៈការអនុវត្តនូវ “យុទ្ធសាស្ត្រ ស្ងាត់តែមិនស្ងៀម»។

យើងខ្ញុំ សូមចាត់ទុកការប្តេជ្ញាចិត្តរបស់ សម្តេចធិបតី ចំពោះការស្វែងរកសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងការសម្រេច បានកិច្ចព្រមព្រៀងសន្តិភាពនេះ គឺជាគំរូវីរភាពដ៏អស្ចារ្យមួយសម្រាប់យើងខ្ញុំទាំងអស់គ្នា យកមកអនុវត្តក្នុងបេសកកម្មបម្រើជាតិមាតុភូមិ និងប្រជាជន។ យើងខ្ញុំសូមប្តេជ្ញាបន្តអនុវត្តតាមរាល់គំនិតដឹកនាំរបស់ សម្តេចធិបតី ដើម្បីរួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាពសង្គម និងការកសាងអនាគតដ៏រុងរឿងរបស់កម្ពុជា។

ក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយ ក្នុងលោក គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងទេវតាឆ្នាំថ្មី សូមព្រះអង្គតាមជួយថែរក្សាការពារ និងអភិបាល ប្រោះព្រំ ជូនចំពោះ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ បញ្ញាវាងវៃ មានសេចក្តីសុខ សេចក្តីចម្រើន មានជោគជ័យលើគ្រប់ភារកិច្ចការងារ និងសូមបានសមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

















