(ភ្នំពេញ)៖ លោក ជា ពិសី ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌទួលគោក និងជាអភិបាលខណ្ឌ បានអញ្ជើញចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារនៃសព ក្រោយពីបានរងគ្រោះ និងបានស្លាប់បាត់បង់ជីវិតចំនួន២នាក់ ដោយសារអគ្គិភ័យឆេះផ្ទះសម្បែង នាពេលកន្លងមក។
ការចូលរួមរំលែកទុក្ខរបស់ លោក ជា ពិសី នេះក៏មានការអញ្ជើញចូលរួមអមដំណើរ ពីសំណាក់ក្រុមការងារកាកបាទក្រហមកម្ពុជាខណ្ឌ-សង្កាត់ សមាគមនារីខណ្ឌ និងយុវជនសង្កាត់ផងដែរ និងបានធ្វើឡើង ស្ថិតនៅចំណុចផ្ទះលេខ៩៣A ផ្លូវ២៤៧ ក្រុមទី១ ភូមិ១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក នាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥។
ក្រៅពីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារនៃសព លោក ជា ពិសី ក៏បាននាំយកអំណោយ របស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ មានជាគ្រឿងឧបភោគ បរិភោគ ដូចជា អង្ករ៥០គីឡូក្រាម, មី៥កេស, ទឹកសុទ្ធ៥កេស និងថវិកា ៥០០.០០០រៀល (ហាសឹបម៉ឺនរៀល) ជូនក្រុមគ្រួសារសព ដែលរងគ្រោះដោយសារអគ្គិភ័យឆេះផ្ទះសម្បែងផងដែរ។
សូមបញ្ជាក់ថា ករណីអគ្គិភ័យ ដែលបង្កឱ្យឆេះផ្ទះ មកពីមូលហេតុឆ្លងចរន្តឧបករណ៍ជំនួយថ្ម និងបណ្ដាលឱ្យស្លាប់បាត់បង់ជីវិតមនុស្សចំនួន២នាក់ បានកើតឡើង ស្ថិតនៅចំណុចផ្ទះលេខ៩៣A ផ្លូវ២៤៧ ក្រុមទី១ ភូមិ១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាម៉ោង២៣៖២០នាទីយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥៕

















